ដោះលែងអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលត្រូវបានឃាត់ខ្លួនអោយមានសេរីភាពឡើងវិញ និងផ្តល់អាជ្ញាប័ណ្ណទៅប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡើងវិញ
យើងខ្ញុំជាអង្គការសង្គមស៊ីវិលចំនួន ៥៧ ដែលមានឈ្មោះដូចខាងក្រោម សូមសម្តែងការព្រួយបារម្ភអំពីការយាយីរបស់រដ្ឋាភិបាលកម្ពុជាទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យនិងអ្នកសារព័ត៌មាន។ រដ្ឋាភិបាលគួរតែទម្លាក់ចោលការចោទប្រកាន់ដោយហេតុផលនយោបាយទៅលើអ្នកសារព័ត៌មាន ហើយដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ។ ច្បាប់ដែលមានលក្ខណៈគាបសង្កត់ រារាំងសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិដែលមិនសមហេតុផលគួរត្រូវលុបចោលឬកែប្រែ។ រដ្ឋាភិបាលក៏គួរតែបញ្ឈប់ជាបន្ទាន់នូវការដកហូតអាជ្ញា ប័ណ្ណរបស់បណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ ហើយនឹងមិនដកហូតអាជ្ញាប័ណ្ណនេះតទៅទៀតទេ នៅពេល អនាគត។
បច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាកំពុងឃុំខ្លួនអ្នកសារព័ត៌មានចំនួន២ នាក់ដោយចោទប្រកាន់ពីបទញុះញង់ឬពីបទបរិហារកេរ្តិ៍ដូចជាលោក សុខ ឧត្តម លោក រស់ សុឃិត ។ អ្នកកាសែតទី ៣ គឺលោក រ៉ាត់ រ័ត្ន មុន្នីកំពុងជាប់ពន្ធនាគាររយៈពេល២ ឆ្នាំក្រោមបទចោទប្រកាន់ស្រដៀងគ្នា។
១. នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិតរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនលោក រស់ សុឃិត ជាអ្នកបោះពុម្ពកាសែតជាតិខ្មែរ (ជាតិខ្មែរ) ដោយសារតែការបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកចំនួនពីរដងដែលលើកឡើងពីផែនការបន្តបន្ទាប់របស់លោកនាយករដ្ឋមន្ត្រីនិងវិបត្តិបំណុលខ្នាតតូចនៅកម្ពុជា។ អាជ្ញាធរបានចោទប្រកាន់លោកពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ។ ក្រសួងព័ត៌មានដែលបានផ្តល់អាជ្ញាប័ណ្ណដល់សារព័ត៌មានជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២០ នេះបានប្រកាសថានឹងពិនិត្យឡើងវិញនូវអាជ្ញាប័ណ្ណនេះ ដោយផ្អែកតាមការចោទប្រកាន់របស់តុលាការ។
២. នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ប៉ូលីសបានចាប់ខ្លួនលោក សុខ ឧត្តម ជាម្ចាស់ស្ថានីយ៍វិទ្យុនិងគេហទំព័រក្នុងខេត្តកំពង់ឆ្នាំងដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយរាយការណ៍អំពីជំលោះដីធ្លីដូចគ្នានៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តកំពង់ឆ្នាំង ដូចគ្នានឹងលោក កែវ ហួរ អ្នកសារព័ត៌មានតាមគេហទំព័រស្នេហាជាតិដែរ ហើយតុលាការក៏បានចោទប្រកាន់លោកពីបទឧក្រិដ្ឋដូចគ្នាផងដែរ។ បច្ចុប្បន្ននេះលោក សុខ ឧត្តម ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ឆ្នាំង។ លោកសុខ ឧត្តម តែងតែបានរាយការណ៍អំពីជំលោះដីធ្លីដែលមានជាយូរមកហើយរវាងសហគមន៍កសិកម្មមូលដ្ឋាននិងមន្រ្តី ដែលមានអំណាច។
៣. នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរថៃបានចាប់ខ្លួនលោក រ៉ាត់ រ័ត្នមុន្នី ដែលជាអ្នកបកប្រែអោយសារព័ត៌មានរបស់ប្រទេសរុស្ស៊ីឈ្មោះ រុស្ស៊ីធូដេយ ដោយផ្អែកតាមសំណើរបស់រដ្ឋាភិបាលកម្ពុជាដែលបានចោទប្រកាន់ថាលោកបានប្រព្រឹត្តិការញុះញង់ នៅពេលធ្វើការជាមួយរុស្ស៊ីធូដេយលើឯកសារដែលបង្ហាញពីភាពក្រីក្ររបស់ក្រុមគ្រួសាររងគ្រោះដែលបញ្ជូនកូនស្រីរបស់ខ្លួនអោយចូលរួមក្នុងការជួញដូរផ្លូវភេទកុមារ។ នៅថ្ងៃទី១២ ខែធ្នូ គាត់ត្រូវបានបញ្ចូនមកប្រទេសកម្ពុជាហើយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន។ កាលពីខែមិថុនា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញបានផ្តន្ទាទោសគាត់ពីបទញុះញង់ឱ្យមានការរើសអើង (មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា) និងផ្តន្ទាទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។ នៅខែមិថុនាឆ្នាំ ២០២០ តុលាការកំពូលបានសម្រេចឱ្យមានការជំនុំជម្រះក្តីឡើងវិញរបស់លោក រ៉ាត់ រ័ត្នមុន្នី ដោយរកឃើញថាការផ្តន្ទាទោសរបស់គាត់គឺមិនត្រឹមត្រូវ។
នៅក្នុងករណីពិសេសមួយផ្សេងទៀត ដែលបង្ហាញពីការយាយីឥតឈប់ឈររបស់ប្រទេសកម្ពុជាទៅលើសេរីភាពសារព័ត៌មាននោះគឺ កាលពីថ្ងៃទី៥ ខែតុលា សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសអ្នកសារព័ត៌មានលោក សុវណ្ណ រិទ្ធីនាយកស្ថានីយទូរទស្សន៍ TVFB ពីបទញុះញង់និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ។ រយៈពេល ៥ ខែនិង២៨ ថ្ងៃដែលគាត់បានជាប់នៅក្នុងការឃុំខ្លួនបណ្តោះអាសន្នត្រូវបានកាត់កង ហើយតុលាការសម្រេចព្យួរទោសចំនួនថ្ងៃដែលនៅសេសសល់។ បន្ទាប់មក គាត់ត្រូវបានគេដោះលែងពីពន្ធនាគារនៅថ្ងៃដដែល។ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី ដោយផ្អែកលើការចោទប្រកាន់ថាលោកបានញុះញង់ឱ្យមានភាពវឹកវរ តាមរយៈការដកស្រង់ពាក្យពេចន៍ចេញពីសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៧ ខែមេសា នៅលើទំព័រហ៊្វេសបុករបស់ខ្លួនអំពីផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតកូវីដ១៩ថា៖ “ប្រសិនបើអ្នករត់ម៉ូតូឌុប អ្នកបើកបរតាក់ស៊ីក្ស័យធន លក់ម៉ូតូរបស់អ្នកចាយសិនទៅ។ រដ្ឋាភិបាលមិនមានសមត្ថភាពជួយទេ។”
យោងតាមរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលបានបង្ហាញថានៅចន្លោះខែមករានិងឧសភា ឆ្នាំ២០២០ ប៉ូលីសនិងអាជ្ញាធរយុត្តិធម៌កម្ពុជាបានកោះហៅនិងសាកសួរយ៉ាងហោចណាស់អ្នកសារព័ត៌មាន ជាងដប់នាក់ដោយសារតែការរាយការណ៍របស់ពួកគេ។
អ្នកសារព័ត៌មានឯករាជ្យត្រូវបានអាជ្ញាធរយាយីជាយូរមកហើយ ជាពិសេសនៅពេលរាយការណ៍អំពីការរិះគន់រដ្ឋាភិបាល។ អតីតអ្នកកាសែតវិទ្យុអាស៊ីសេរី ពីររូបគឺលោក យិន សុធារិន្ទ និងលោក អ៊ួន ឈិននៅតែប្រឈមការចោទប្រកាន់ពីបទចារកម្មដោយផ្អែកលើការចោទប្រកាន់ដោយគ្មានភស្តុតាងថាពួកគេបានឃុបឃិតជាមួយរដ្ឋាភិបាលបរទេស។ អតីតអ្នកកាសែតខេមបូឌៀដេលី ពីរនាក់គឺលោក Zsombor Peter និងលោក អូន ភាព ប្រឈមនឹងការកាត់ទោសកំបាំងមុខ ដោយចោទប្រកាន់ពីបទញុះញង់គ្មានមូលដ្ឋាន និងអ្នកយកព័ត៌មានទូរទស្សន៍លេខ ៣ គឺលោក ផល ដាំ ប្រឈមនឹងការចោទប្រកាន់ពីបទញុះញង់ដោយគ្មានមូលដ្ឋានសម្រាប់ការរាយការណ៍អំពីបញ្ហាទាក់ទងនឹងដីធ្លី។
យ៉ាងហោចណាស់មានករណីរំលោភបំពានលើអ្នកសារព័ត៌មានចំនួន ៩ ករណីផ្សេងទៀតត្រូវបានកត់ត្រាចាប់តាំងពីឆ្នាំ ២០១៩ ក្នុងនោះមានករណីលោកកែវ ហួរ អ្នកសារព័ត៌មានតាមគេហទំព័រ ស្នេហាជាតិ ដែលអាជ្ញាធរបានដោះលែង ឲ្យ នៅក្រៅឃុំដោយមិនទម្លាក់ការចោទប្រកាន់ពីបទញុះញង់ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកសារព័ត៌មានឯករាជ្យ លោក កែវ រតនា អ្នកបោះពុម្ពផ្សាយធីអិនអនឡាញ។ លោក ប្រាក់ សុវណ្ណ អ្នកសារព័ត៌មានរស្មីកម្ពុជាដេលី និងលោក សាត ចាន់បុត្រ អ្នកកាសែតរស្មីកម្ពុជាដេលីនិងទូរទស្សន៍អប្សរា។
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ មក រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណផ្សព្វផ្សាយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យចំនួនបួនគឺគេហទំព័រព័ត៌មានអនឡាញCKV TV Online ស្ថានីយ៍វិទ្យុរិទ្ធសែននិងគេហទំព័រព័ត៌មានអនឡាញ និងគេហទំព័រព័ត៌មាន TVFB។ កាលពីខែមេសា ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណរបស់CKV TV Online ដោយចោទប្រកាន់ ថាបានរំលោភលើវិជ្ជា ជីវៈសារព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ស្រដៀងគ្នានេះដែរ ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណស្ថានីយ៍វិទ្យុរិទ្ធីសែនរួមជាមួយនឹងអាជ្ញាប័ណ្ណគេហទំព័រព័ត៌មានដាច់ដោយឡែកពីគ្នា ដោយចោទប្រកាន់ដោយគ្មានភស្តុតាងថាវិទ្យុនេះផ្សព្វផ្សាយព័ត៌មានដែលជាព័ត៌មានបំផ្លើសមាន ការញុះញង់ឱ្យមានអំពើហិង្សា ញុះញង់ឱ្យមានការរើសអើង និងបង្កហេតុ បង្កអសន្តិសុខសង្គមនិងភាពវឹកវរ។ លើសពីនេះទៀតក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណផ្សាយរបស់ទូរទស្សន៍ TVFB ដោយហេតុផលថាព័ត៌មានដែលបានផ្សព្វផ្សាយគឺដើម្បីបង្កើតផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។
រដ្ឋាភិបាលកម្ពុជាបានធ្វើទុកបុកម្នេញយ៉ាងខ្លាំងទៅលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧ មក។ រដ្ឋាភិបាលបានបង្ខំឱ្យបិទកាសែតឌឹខេមបូឌៀដេលី ដែលជាកាសែតមួយក្នុងចំណោមកាសែតឯករាជ្យចេញផ្សាយប្រចាំថ្ងៃជាភាសាអង់គ្លេស ។ កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានលក់ចេញកាលពីខែឧសភា ឆ្នាំ២០១៨ ទៅពាណិជ្ជករម្នាក់ដែលមានទំនាក់ទំនងជាមួយលោកនាយករដ្ឋមន្រ្តី ហើយចាប់តាំងពីពេលនោះមកកាសែតភ្នំពេញប៉ុស្តិ៍បានឆ្លុះបញ្ចាំងតែពីតួនាទីរបស់រដ្ឋាភិបាលនៅក្នុងការបោះពុម្ពផ្សាយរបស់ខ្លួនជាច្រើន។ កាលពីខែសីហា ឆ្នាំ២០១៧ អាជ្ញាធរកម្ពុជាបានបញ្ជាឱ្យបិទប្រេកង់វិទ្យុអេហ្វអឹម ចំនួន ៣២ស្ថានីយនៅទូទាំងខេត្តចំនួន២០ ដែលជាស្ថានីយផ្សព្វផ្សាយបន្តព័ត៌មានភាសារខ្មែររបស់វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក (វីអូអេ)និងវិទ្យុសំឡេងប្រជាធិបតេយ្យ (វីអូឌី)។ វិទ្យុអាស៊ីសេរីបានបិទការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ២០ ឆ្នាំនៅកម្ពុជា ដោយខ្លាចមានការគំរាមកំហែងដល់បុគ្គលិករបស់ខ្លួន។ ពីរបីថ្ងៃបន្ទាប់ពីការបិទការិយាល័យវិទ្យុអាស៊ីសេរី ក្រសួងមហាផ្ទៃបានគំរាមអ្នកកាសែតដែលបានធ្វើការឱ្យវិទ្យុអាស៊ីសេរី ថានឹងមានវិធានការផ្លូវច្បាប់ ប្រសិនបើពួកគេបន្តរាយការណ៍ព័ត៌មានទៅអោយវិទ្យុអាស៊ីសេរីបន្តទៀត។
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ដែលមានលក្ខណៈរឹតត្បិតជាបន្តបន្ទាប់ដែលជំរុញឱ្យមានការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យនិងបណ្តាញផ្សព្វផ្សាយសង្គមហើយបានប្រើបទប្បញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌជាពិសេសមាត្រា ៤៩៤ និង ៤៩៥ ដើម្បីបំបិទសំឡេងសេចក្តីរាយការណ៍ដែលមិនស្របនិងបំបិទសំឡេងអ្នកយកព័ត៌មាន។
ក្នុងអំឡុងពេលមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ដ៏តឹងរឹងមួយស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្នដែលផ្តល់ឱ្យលោកនាយករដ្ឋមន្រ្តីនូវអំណាចដោយគ្មានកំណត់និងទូលំទូលាយដើម្បីតាមដានរាល់ការទំនាក់ទំនងឯកជន និងការរឹតត្បិតការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ យើងខ្ញុំក៏បានដឹងផងដែរថារដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីព្រាងអនុក្រឹត្យអំពីច្រកចេញចូលអ៊ីនធឺណិតដែលមិនទាន់ត្រូវបានអនុម័តនៅឡើយ ដែលនេះនឹងអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេរីភាពនៃការបញ្ចេញមតិនិងទទួលព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ដែលសម្រួលដល់ការឃ្លាំមើលរាល់ការទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណិតនិងអនុញ្ញាតឱ្យអាជ្ញាធរអាចបិទនូវខ្លឹមសារ មាតិកា ប្រសិនបើមាតិកាទាំងនោះត្រូវបានចាត់ទុកថា“ប៉ះពាល់ដល់សុវត្ថិភាព ចំណូលជាតិ សណ្តាប់ធ្នាប់សង្គម សេចក្តីថ្លៃថ្នូរ វប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់” ។
ប្រទេសកម្ពុជាបានទទួលស្គាល់កតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយនៅឆ្នាំ១៩៩២ ដែលត្រូវមានកាតព្វកិច្ចធានា ការគោរព និងការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងគំនិតដោយគ្មានការជ្រៀតជ្រែក និងសិទ្ធិក្នុងការស្វែងរក ទទួល និងចែកចាយព័ត៌មាន និងគំនិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានណាមួយនិងដោយមិនគិតពីព្រំដែន។ ការរឹតត្បិតណាមួយចំពោះសិទ្ធិទាំងនេះត្រូវតែធ្វើឡើងប្រកបដោយយុត្តិធម៌និងស្របច្បាប់ក្នុងភាពចាំបាច់ និងសមាមាត្រដោយគោរពទៅតាមគោលបំណងនៃច្បាប់។ រាល់ករណីដែលបានលើកឡើងខាងលើ គ្មានករណីចោទប្រកាន់ប្រឆាំងនឹងអ្នកសារព័ត៌មាននិងការបោះពុម្ពផ្សាយរបស់ពួកគេអនុលោមតាមគោលការណ៍ទាំងនេះទេ៖ រាល់ការចោទប្រកាន់ទាំងនោះមិនបានអះអាង ឬឈានដល់គោលបំណងស្របច្បាប់ហើយក៍មិនមានភាពចាំបាច់សម្រាប់គោលបំណងបែបនេះ ដែលនាំអោយមានការរំលោភលើសិទ្ធិមនុស្សអន្តរជាតិនិងកាតព្វកិច្ចផ្លូវច្បាប់របស់កម្ពុជា។ គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសកម្ពុជា “បញ្ឈប់ការកាត់ទោសដល់អ្នកសារព័ត៌មាន ដែលជាមធ្យោបាយរារាំងឬបំបាក់ទឹកចិត្តពួកគេក្នុងការបញ្ចេញមតិដោយសេរី ។
យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ការចោទប្រកាន់ដោយគ្មានលក្ខខណ្ឌ និងដោះលែងអ្នកសារព័ត៌មានទាំងអស់ដែលជាប់ពន្ធនាគារដោយសារតែប្រើសិទ្ធិសេរីភាពបញ្ចេញមតិ បញ្ឈប់ការយាយីដល់អ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន លុបចោលឬកែប្រែច្បាប់ដែលមានលក្ខណៈគាបសង្កត់ដើម្បីធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាចដំណើរការបានដោយសេរី អនុលោមទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ប្រទេសកម្ពុជា និងបញ្ឈប់ការដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដើម្បីជួយសម្រួលដល់សេរីភាពសារព័ត៌មាននិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងព័ត៌មាន។
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១ | សហគមន៍ដីធ្លី ១៩៧ ឃុំជីខលើ ខេត្តកោះកុង |
២ | មូលនិធិអន្តរជាតិសម្រាប់ការពារសេរីភាពបញ្ចេញមតិ |
៣ | អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(កដទ) |
៤ | អង្គការលើកលែងទោសអន្តរជាតិ |
៥ | អង្គការមាត្រា ១៩ |
៦ | អង្គការសមាជិកអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR) |
៧ | បណ្តាញប្រជាធិបតេយ្យអាស៊ី (ADN) |
៨ | អង្គការវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងអភិវឌ្ឃន (FORUM-ASIA) |
៩ | បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី (ANFREL) |
១០ | សហគមន៍បឹងទន្លេម្រេច ខេត្តព្រះវិហារ |
១១ | សហគមន៍បឹងប្រាំ ខេត្តបាត់ដំបង |
១២ | សហគមន៍បឹងឈូក ភ្នំពេញ |
១៣ | សហគមន៍បឹងត្របែក ភ្នំពេញ |
១៤ | សហគមន៍បុរីកីឡា ភ្នំពេញ |
១៥ | សហគមន៍ប៊ូស្រា ខេត្តមណ្ឌលគិរី |
១៦ | អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) |
១៧ | សម្ព័នសហជីពកម្ពុជា (CATU) |
១៨ | មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) |
១៩ | មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ |
២០ | សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) |
២១ | សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឃន៍នៅកម្ពុជា អាដហុក (ADHOC) |
២២ | វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) |
២៣ | សម្ព័ន្ធអ្នកកាសែតកម្ពុជា (CamboJA) |
២៤ | បណ្តាញយុវជនកម្ពុជា (CYN) |
២៥ | មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (CENTRAL) |
២៦ | សហគមន៍ដីធ្លីជីខក្រោម ខេត្តកោះកុង |
២៧ | សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ |
២៨ | អង្គការការពារសិទ្ធិពលរដ្ឋ |
២៩ | សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) |
៣០ | គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) |
៣១ | អង្គការសមធម៌កម្ពុជា (EC) |
៣២ | សហគមន៍បណ្តាញអតីតស្ត្រីបឹងកក់ ភ្នំពេញ |
៣៣ | អង្គការឃ្លាំមើលសិទ្ធិមនុស្ស |
៣៤ | សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) |
៣៥ | គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) |
៣៦ | សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ |
៣៧ | សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ |
៣៨ | អង្គការអាយហ្វិក |
៣៩ | វិទ្យាស្ថានសារព័ត៌មានអន្តរជាតិ |
៤០ | សេវាកម្មអន្តរជាតិសម្រាប់សិទ្ធិមនុស្ស |
៤១ | សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង |
៤២ | សហគមន៍ការពារធនធានធម្មជាតិស្រុកក្រគរ ខេត្តពោធិសាត់ |
៤៣ | សហគមន៍ដីធ្លីប៉ៃលិន |
៤៤ | មូលនិធិសារព័ត៌មានប៉ាគីស្ថាន |
៤៥ | PEN International |
៤៦ | សហគមន៍ភ្នំបាត |
៤៧ | សហគមន៍ភ្នំក្រោម ខេត្តសៀមរាប |
៤៨ | សហគមន៍ភូមិ២៣ ភ្នំពេញ |
៤៩ | សហគមន៍ព្រៃពាយ ខេត្តកំពត |
៥០ | សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរ ខេត្តព្រះវិហារ |
៥១ | សហគមន៍ផ្លូវរថភ្លើងទួលសង្កែ A |
៥២ | អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) |
៥៣ | សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ |
៥៤ | សហគមន៍ថ្មដា ខេត្តពោធិសាត់ |
៥៥ | សហគមន៍ទួលសង្កែ B |
៥៦ | សហគមន៍ត្រពាំងសង្កែ ខេត្តកំពត |
៥៧ | អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT) |